កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមប្រព័ន្ធវីដេអូ Zoom ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម អគ្គនាយករង ប្រធាន- អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងស្នងការរងរាជធានី-ខេត្ត ទទួលផែនអន្តោប្រវេសន៍ ជាច្រើនរូបទៀត ។
បន្ទាប់ពីបានធ្វើការត្រួតពិនិត្យរបាយការណ៍ប្រចាំខែរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានមានប្រសាសន៍សសើដល់ការរៀបចំរបាយការណ៍ ដែលមានភាពកាន់តែច្បាស់លាស់ ពេញលេញ ល្អប្រសើរ ជាងមុនៗ ព្រមទាំងការចូលរួមយោបល់ដែលប្រកបដោយខ្លឹមសារ ។
ជាមួយគ្នានេះឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ក៏បានគូសបញ្ជាក់ចំពោះកិច្ចប្រជុំ អំពីលទ្ធផលល្អប្រសើរនៃសកម្មភាពប្រតិបត្តិការរបស់កងកម្លាំងនគរបាលអន្តោប្រវេសន៍ ប៉ុន្តែទន្ទឹមនឹងនោះក៏មានបញ្ហាប្រឈមដែលបាននិងកំពុងជួបប្រទះនឹងត្រូវដោះស្រាយជាបន្ត ។
ក្នុងកិច្ចប្រឹងប្រែងដើម្បីបំពេញបាននូវកាតព្វកិច្ចរបស់ខ្លួនក្នុងការគ្រប់គ្រងជនបរទេស ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានធ្វើការណែនាំដល់គ្រប់អង្គភាពទាំងអស់ក្នុងការបំពេញការងារក្រោយពេលស្ថានភាពជម្ងឺកូវិដ-១៩ បានធូរស្រាល ដូចជាមន្ត្រីគ្រប់អង្គភាពត្រូវតែចូលធ្វើសកម្មភាពការងាររបស់ខ្លួនជាធម្មតាឡើងវិញ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់បន្តថា គ្រប់ផ្នែកទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងជនបរទេស ជាពិសេសជនបរទេសមិនមែនអន្តោប្រវេសន្ត ដូចជាបញ្ហាអសយដ្ឋាន មធ្យបាយទំនាក់ទំនង ការពន្យាទិដ្ឋកា និងការពង្រឹងប្រព័ន្ធ FPCS ដោយប្រតិបត្តិតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ៕
![](/public/ckfinder/userfiles/files/268259433_1742080972663092_1802700799146965168_n.jpeg)
![](/public/ckfinder/userfiles/files/268940159_1742081059329750_7058226603315947097_n.jpeg)
![](/public/ckfinder/userfiles/files/268600719_1742081019329754_4909340780145918448_n.jpeg)
![](/public/ckfinder/userfiles/files/267775268_1742080985996424_2419802382517759616_n.jpeg)
![](/public/ckfinder/userfiles/files/267956421_1742081035996419_4610931119762143262_n.jpeg)
![](/public/ckfinder/userfiles/files/267740498_1742081065996416_4461399949645360686_n.jpeg)
![](/public/ckfinder/userfiles/files/268563045_1742080992663090_607878995720471824_n.jpeg)
![](/public/ckfinder/userfiles/files/268456522_1742081042663085_8871292888954387713_n.jpeg)