ព័ត៌មានថ្មីបំផុត


នៅរសៀលព្រហស្បត្តិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌសហព័ន្ធអាល្លឺម៉ង់ ដឹកនាំដោយលោក Josef HÜNN មន្រ្តីទំនាក់ទំនងជាន់ខ្ពស់ប្រចាំទីក្រុងបាងកក ដោយមានការចូលរួមពីលោកកុងស៊ុលស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោកអនុប្រធាននាយកដ្ឋាន និងនាយការិយាល័យ។

គោលបំណងនៃជំនួបខាងលើ គឺដើម្បីឧទ្ទេសនាមណែនាំខ្លួន និងស្វែងយល់អំពីច្បាប់ និងនីតិវិធីក្នុងការចាប់ខ្លួន និងបញ្ជូនត្រឡប់ទៅប្រទេសដើមវិញចំពោះជនបរទេសដែលល្មើសច្បាប់អន្តោប្រវេសន៍ និងពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។ ភាគីទាំងពីរ បានផ្លាស់ប្តូរបទពិសោធន៍គ្នាវិញទៅមកលើការងារស៊ើបអង្កេត និងការអនុវត្តច្បាប់ សំដៅអនុវត្តឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពស្របតាមច្បាប់ជាតិ និងអន្តរជាតិជាធរមាន។

ស្ថានទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នាពេលកន្លងមក ដោយបានឆ្លើយតបទាន់ពេលវេលាគ្រប់សំណើរបស់ស្ថានទូតអាល្លឺម៉ង់។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលកន្លងមក ដោយបានរួមចំណែកក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងតំបន់ និងផលប្រយោជន៍នៃប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានលើកឡើងអំពីតម្រូវការនិងផែនការក្នុងការអភិវឌ្ឍន៍ធនធានមនុស្សរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយស្នើសុំស្ថានទូតអាល្លឺម៉ង់ពិនិត្យលទ្ធភាពផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីនគរបាលអន្តោប្រវេសន៍។ ជាការឆ្លើយតប លោក WERNER IHRIG កុងស៊ុលប្រចាំស្ថានទូតអាល្លឺម៉ង់ បានរាយការណ៍ថាលោកបានលើកសំណើនេះជូនឯកអគ្គរដ្ឋទូតរួចហើយ និងកំពុងធ្វើការស្នើសុំការសម្រេចពីរដ្ឋាភិបាលអាល្លឺម៉ង់ ៕

 

 

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ