ព័ត៌មានថ្មីបំផុត


នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួម ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងប្រតិភូអម ដំណើរ ព្រមទាំងឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន លោក លោកស្រីនាយការិយាល័យ និងលោកនាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានមានមតិស្វាគមន៍ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក និង ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលចំណាយពេលដ៏មានតម្លៃក្នុងការបំពេញបេសកកម្មចុះសវនកម្ម នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។  

ឯកឧត្តម បានចាត់ទុកការធ្វើសវនកម្មនេះ គឺជាយន្តការដ៏សំខាន់មួយ ដើម្បីធានាឱ្យដំណើរការ នៃការគ្រប់គ្រងរបស់អង្គភាពមួយ ប្រព្រឹត្តទៅក្នុងស្ថានភាពមួយ ដែលអាចកាត់បន្ថយជាអតិបរមានូវហានិភ័យ កំហុសឆ្គង ឬការអនុវត្តទាំងឡាយដែលមិនមាន ប្រសិទ្ធភាពនិងគ្មានភាពសន្សំសំចៃ ហើយការធ្វើសវនកម្មនេះ នឹងដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងអំពីដំណើរការប្រព្រឹត្តទៅរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។  

ជាកិច្ចបន្តឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ បានមានមតិសំណេះសំណាល និងផ្តល់នូវអនុសាសន៍សំខាន់ៗជាការតម្រង់ទិសសម្រាប់សវនករ និងភាគីពាក់ព័ន្ធនៃសវនដ្ឋាន យកទៅអនុវត្តឲ្យទទួលបានជោគជ័យ។ ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងអំណរអគុណ យ៉ាងជ្រាលជ្រៅចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានចូលរួមសហការនិងជួយសម្របសម្រួលជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងដើម្បីរៀបចំកិច្ចប្រជុំនាព្រឹកនេះ។  

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងបន្តទៀតថា ការធ្វើសវនកម្មផ្ទៃក្នុងនេះ គឺផ្តោត សំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាព នៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ និងមានប្រសាសន៍ណែនាំដល់សវនដ្ឋាននីមួយៗ ត្រូវចូលរួមផ្តល់នូវរបាយការណ៍ និងឯកសារពាក់ព័ន្ធ ព្រមទាំងខិតខំអនុវត្តតាមអនុសាសន៍របស់ក្រុមប្រតិភូសវនកម្មផ្ទៃក្នុង សំដៅកែលំអរនូវចំណុចខ្វះខាតកន្លងមក និងត្រូវធ្វើរបាយការណ៍ឆ្លើយតបនឹង អនុសាសន៍នីមួយៗវិញតាមការកំណត់។  

ជាកិច្ចបញ្ចប់ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងអំណរអគុណយ៉ាង ជ្រាលជ្រៅចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយករង ឯកឧត្តម លោកជំទាវ លោក លោកស្រីក្នុងអង្គប្រជុំទាំងមូល ដែលបានចូលរួមកិច្ចប្រជុំនាព្រឹកនេះ និងសូមជូនពរជួបតែ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្រកាស បើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ពីថ្ងៃនេះតទៅ ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ