ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម ឧត្ដមសេនីយ៍ឯកសុខ លីហួត, ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ហ៊ុន សុរិទ្ធី អគ្គនាយករង និងលោកឧត្ដមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ ជាអ្នកវិនិយោគឯកជន បានបើកកិច្ចប្រជុំបូកសរុប ការងារអធិការកិច្ចប្រចាំឆ្នាំ២០២០។

កិច្ចប្រជុំបូកសរុបការងារអធិការកិច្ចប្រចាំឆ្នាំ២០២០ ធ្វើឡើងនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នាពេលនេះ ក៏មានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន ដែលជាប្រធានក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេស ២៥រាជធានី-ខេត្ដ ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកប្រធានក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេស ២៥រាជធានី-ខេត្ដ បានលើកឡើងពីការសម្រេចបាននូវភារកិច្ចរបស់ខ្លួន ដែលនាយកដ្ឋានប្រគល់ជូន និងលើកឡើងពីបញ្ហាប្រឈមនានាដែលកើតមាន ដើម្បីដាក់ជូនថ្នាក់ដឹកនាំ មានវិធានការដោះស្រាយ។

ក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ទោ ប្រធាននាយកដ្ឋាន បានមានមតិណែនាំឲ្យមានការខិតខំប្រឹងប្រែងបន្ដ ដើម្បីឲ្យការងារអធិការកិច្ចហត្ថពលកម្មបរទេស កាន់តែមានប្រសិទ្ធិភាពខ្ពស់ ដោយឈរលើគោលការណ៍ច្បាប់។

ជាទីបញ្ចប់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ លីហួត និងឯកឧត្ដម ឧត្ដមសេនីយ៍ទោ ហ៊ុន សុរិទ្ធី អគ្គនាយករង បានមានមតិបូកសរុបនិងណែនាំដល់ក្រុមអធិការកិច្ចហត្ថពលកម្មបរទេស ២៥រាជធានី-ខេត្ដ ត្រូវអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវចេះការពារខ្លួនពីមេរោគកូវីដ-១៩៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ