ភ្នំពេញ៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) កម្ពុជា ផែនប្រឆាំងភេរវកម្ម ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ស្ដីពីក្រុមការងារប្រឆាំងភេរវកម្ម លើកទី១៧ នៃឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈប្រព័ន្ធវីដេអូ ជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមការងារ SOMTC ដោយមានការចូលរួមពីអនុប្រធាននាយកដ្ឋាន តំណាងពីនាយកដ្ឋានពាក់ព័ន្ធដែលជាសមាជិកផងដែរ។

ក្នុងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃនាពេលនេះ បណ្ដាប្រទេសអាស៊ានតម្រូវឲ្យធ្វើបទបង្ហាញស្ដីពីបច្ចុប្បន្នភាព នៃយុទ្ធសាស្ត្រជាតិ និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រឆាំងនឹងអំពើភារវកម្ម។ ក្នុងនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានលើកឡើងថា បើទោះបីជាជួបឧបសគ្គដោយសារជំងឺកូវីដ-១៩ កម្ពុជានៅតែមានវឌ្ឍនភាពលើក្របខណ្ឌច្បាប់ ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងបទល្មើសពាក់ព័ន្ធ ដោយច្បាប់ចំនួន២ត្រូវបានអនុម័ត ក្នុងឆ្នាំ២០២០ រួមមានច្បាប់ស្ដីពីការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ឯកឧត្តមបានបន្តថា មន្ត្រីអនុវត្តច្បាប់និងក្រសួង ស្ថាប័នពាក់ព័ន្ធក៏ចូលរួមក្នុងការពង្រឹងការអនុវត្តច្បាប់នេះ ឲ្យមានប្រសិទ្ធភាពផងដែរ។

បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ចំពោះការដោះស្រាយបញ្ហាប្រឈមផ្សេងៗទៀត ក្រុមការងារពាក់ព័ន្ធត្រូវរួមគ្នាចែករំលែកមតិយោបល់ និងបទពិសោធន៍ ក្នុងការឆ្លើយតបទៅនឹងបទល្មើសនានា ក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ ឯកឧត្តម ក៏បានបន្ថែមថា កិច្ចប្រជុំនាថ្ងៃនេះ គឺជាឧទាហរណ៍ដ៏ល្អមួយ នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ជាមួយភាគីពាក់ព័ន្ធនៃប្រទេសអាស៊ាន ហើយឯកឧត្តមជឿជាក់ថា ភាគីទាំងអស់ នឹងនៅតែបន្តធ្វើការរួមគ្នាយ៉ាងជិតស្និទ ដើម្បីញាំងឲ្យការអភិវឌ្ឍសហគមន៍របស់យើង កាន់តែមានភាពប្រសើរឡើងថែមទៀត។

គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី១៧នេះ គឺដឹកនាំដោយ SOMTC ឥណ្ឌូនេស៊ី និងមានគោលបំណងពិភាក្សាលើយុទ្ធសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ក្នុងការប្រឆាំងភេរវកម្ម, ឯកសារនៃការអនុវត្តការងារ និងទិសដៅនាពេលអនាគត សម្រាប់ការងារពាក់ព័ន្ធនឹងវិស័យនេះ។ ព្រមជាមួយគ្នានេះ កិច្ចប្រជុំនេះ ក៏ជាឱកាសសម្រាប់ភាគីនីមួយៗរួមគ្នាផ្ដល់យោបល់ ពិនិត្យសារឡើងវិញនូវកម្មវិធីការងាររបស់ SOMTC ទាក់ទងនឹងការប្រឆាំងភេរវកម្ម ដែលជាផ្នែកមួយនៃផែនការសកម្មភាពរបស់អាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ