ភ្នំពេញ៖ ថ្មីៗនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលមតិរបស់លោកនាយកសារព័ត៌មានដើមអំពិល ជុំវិញការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍លើជនបរទេសខុសច្បាប់ និងការរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការបំភ្លឺដូចខាងក្រោម៖

ការគ្រប់គ្រងការតាំងទីលំនៅ និងការរៀបចំសណ្តាប់ធ្នាប់លំនៅដ្ឋាន គឺជាតួនាទីភារកិច្ចរបស់អាជ្ញាធរដែនដី ដែលមិនស្ថិតក្រោមតួនាទីភារកិច្ច របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ។ ភារកិច្ចស្នូលអគ្គនាយកដ្ឋាន មានតួនាទីភារកិច្ចធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការគ្រប់គ្រងជនបរទេស ក៏ដូចជាការអនុវត្តច្បាប់ចំពោះជនបរទេសដែលស្នាក់នៅ និងបម្រើការងារដោយខុសច្បាប់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កន្លងមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានពង្រឹងការអនុវត្តច្បាប់ជាប្រចាំ ចំពោះជនបរទេសខុសច្បាប់តាមគ្រប់រូបភាព ដោយធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងអនុវត្តការបណេ្តញ ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍។ ជាក់ស្ដែងចាប់តាំងពីឆ្នាំ២០១៤ រហូត ដល់០៥ខែ ដើមឆ្នាំ២០២១នេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ១៨,៤៧០នាក់ស្រី ៣,០៦០នាក់ មាន ១០៤សញ្ជាតិ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមថ្លែងអំណរគុណ ដល់លោកនាយកសារព័ត៌មានដើមអំពិល ចំពោះមតិដែលបានលើកឡើង ដែលបង្ហាញអំពីស្មារតីចូលរួម ក្នុងការការពារផលប្រយោជន៍របស់ប្រទេសជាតិ។ ដោយឡែកដើម្បីប្រែក្លាយស្មារតីនេះទៅជាលទ្ធផលជាក់ស្ដែង អគ្គនាយកដ្ឋានស្នើសុំលោកនាយកសារព័ត៌មាន ផ្តល់កិច្ចសហការ តាមរយៈការផ្ដល់ព័ត៌មានជាក់លាក់ អំពីជនបរទេសខុសច្បាប់ ដើម្បីអគ្គនាយកដ្ឋានចាត់កម្លាំង ទៅធ្វើការត្រួតពិនិត្យ ស្របតាមនីតិវិធីច្បាប់។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ