ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានទទួលស្វាគមន៍ ឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជួបសម្តែងការគួរសម ពិភាក្សាការងារ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ។

ជាកិច្ចចាប់ផ្តើមឯកឧត្តម ឯកអគ្គរដ្ឋទូត Vu Quang Minh បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើការងារគ្រប់គ្រងជនបរទេស ជាពិសេសប្រជាជនវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក ក្នុងនោះរួមមានៈ ការងារជំរឿនស្ថិតិជនបរទេស, ការទទួលពាក្យស្នើសុំ និងផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេសនិងការអនុវត្តច្បាប់អន្តោប្រវេសន៍ ជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងសិទ្ធិ និងប្រសិទ្ធភាពនៃការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនវៀតណាមនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ ។

ជាការឆ្លើយតប ឆ្លៀតនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានថ្លែងអំណរគុណផងដែរ ដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដែលបានផ្តល់ជំនួយជាសម្ភារ:ទប់ស្កាត់ជម្ងឺ Covid-19 ដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងបានថ្លែងអំណរគុណដល់ក្រសួងនគរបាលវៀតណាម ដែលបានផ្តល់វគ្គបណ្តុះបណ្តាលជំនាញអន្តោប្រវេសន៍ ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍កម្ពុជា នាពេលកន្លងមក ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។   

ពាក់ព័ន្ធនឹងបញ្ហាប្រឈម ដែលឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានជម្រាបជូនថានឹងធ្វើការសម្របសម្រួលបន្ថែមទៀត លើការងារផ្សព្វផ្សាយបទបញ្ញត្តិ ស្តីពីសិទ្ធិក្នុងការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ សម្រាប់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ដល់អាជ្ញាធរមូលដ្ឋានតាមរាជធានី ខេត្ត ដើម្បីឲ្យមានការយល់ដឹង និងអនុវត្តត្រឹមត្រូវឈរលើមូលដ្ឋានច្បាប់។ ជាមួយគ្នានេះដែរ ចំពោះជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ ក៏បានស្នើឲ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម បន្តជម្រុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនអ្នកទាំងនោះទៅប្រទេសវៀតណាមវិញឲ្យបានឆាប់។    

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាក់ដែរថា កិច្ចប្រតិបត្តិការការងារគ្រប់គ្រងជនបរទេស និងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍នៅកម្ពុជា គឺមិនដែលមានការរើសអើងឡើយ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ