ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ ថ្មីៗនេះអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិនិត្យឃើញថា មានសារព័ត៌មាន និងសាធារណៈមតិមួយចំនួន បានធ្វើការចុះផ្សាយព័ត៌មាន ដែលមានចំណងជើងថា "អាជ្ញាធរខ្មែរស្នើវៀតណាមពន្លឿន នីតិវិធីដើម្បីទទួលយកជនជាតិរបស់ខ្លួនទៅវៀតណាមវិញឲ្យបានឆាប់” ដែលធ្វើឲ្យមានការភ័ន្តច្រឡំ និងផ្ទុយពីខ្លឹមសារដើម នៃជំនួបពិភាក្សាការងាររវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងស្ថានទូត សាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការបំភ្លឺជូនសារព័ត៌មាន និងសាធារណៈមតិ បានជ្រាបថា ពាក់ព័ន្ធនឹងសំណើរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅក្នុងជំនួបពិភាក្សាការងារខាងលើ គឺសំដៅដល់ការស្នើសុំទៅភាគីវៀតណាម ផ្តល់កិច្ចសហការក្នុងការផ្តល់ឯកសារធ្វើដំណើរ សម្រាប់ធ្វើការបណ្ដេញជនជាតិវៀតណាមខុសច្បាប់ គ្មានលិខិតឆ្លងដែន ដែលត្រូវបានឃាត់ខ្លួន និងកំពុងរក្សាទុកនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រឡប់ទៅប្រទេសវៀតណាមវិញឲ្យបានឆាប់ ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ហើយនីតិវិធីនេះ ត្រូវបានអនុវត្តជាទូទៅក្នុងកិច្ចការងារអន្តោប្រវេសន៍ សម្រាប់ធ្វើការបញ្ជូនជនបរទេសខុសច្បាប់ត្រឡប់ទៅប្រទេសដើមវិញ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន និងសាធារណៈមតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមធ្វើការកែតម្រូវខ្លឹមសារ ដែលបានចុះផ្សាយឲ្យត្រឹមត្រូវ ស្របតាមខ្លឹមសារសេចក្តីបំភ្លឺព័ត៌មាននេះ ជៀសវាងការចុះផ្សាយខុសពីខ្លឹមសារដើម ដែលនាំឲ្យសារព័ត៌មាននិងសាធារណៈជនមួយចំនួន មានការភ័ន្តច្រឡំ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ